យុទ្ធវិធីទី១

ព្រះមហោសថបានដោះលែងអ្នកជាប់ពន្ធនាគារទាំងបួនដឹកនាំ ដោយវរសេនីយ៍៨នាក់រួមទាំងមេជាងចំណានៗច្រើនប្រភេទរៀបចំកសាងកំពែងបុរី ធំទូលាយនាខេត្តកប្បិលដែលតាំងនៅខាងនាយទន្លេគង្គាចំងាយ១គាវុធក្បែរព្រំដែន បញ្ចូលនគរ។ នៅគ្រប់ច្រកល្ហកព្រះមហោសថបែងចែកអោយកំលាំងទាហានជាក្រុមៗទទួលការការពារសុវត្ថិភាពក្នុង១ក្រុម១យោជន៍ចាប់ពីនគរមិថិលាទៅដល់ទន្លេគង្គា និងបានរៀបចំកំលាំងទៅរៀបចំពន្លាដ៏ល្អប្រណីតក្នុងឧត្តរបញ្ចាលនគរដើម្បីប្រារព្ធពិធីអភិសេក។ គំនិតនេះព្រះបាទចុលនីយល់ព្រមឥតជំទាស់ឡើយ។ ពីពន្លាទៅរាជវាំងស្តេចចុលនីព្រះមហោសថចាត់កំលាំងយាមការពារមិនអោយនរណាម្នាក់ចេញចូលនាំព័ត៌មានណាមួយទូលស្តេចចុលនីបានឡើយ ។

យុទ្ធវិធីទី២

ព្រះមហោសថសូមការអនុញ្ញត្តិពីព្រះបាទចុលនីចូលឆែកឆេរប្រាសាទព្រះមហាក្សត្រីសាលាកទេវីជាមាតាព្រះបាទចុលនី និងសូមរុះរើឆែកឆេរលំនៅអាចារ្យកេវដ្ដព្រាហ្មណ៍ណ៍ ។ ព្រះបាទចុលនីយល់ព្រមបែបនេះដើម្បីអន្លង ចិត្តព្រះមហោសថកុំអោយសង្ស័យចិត្តបាបរបស់ព្រះអង្គ គឺទ្រង់គិតថាពេល ព្រះបាទវិទេហរាជមកដល់កាលណានឹងបញ្ជាទ័ពកាត់ក្បាលអ្នកទាំងពីរតែម្តង ពុំហួសពេលវេលាឡើយ។ ការរុះរើឆែកឆេរសំណាក់ព្រះមាតាសាលាកទេវីនិង អាចារ្យកេវដ្ដព្រាហ្មណ៏ធ្វើអោយពួកគេភិតភ័យរួចយកមាសប្រាក់ជាច្រើនមក សូកសូមក្តីអង្វរកព្រះមហោសថ ។ ព្រះមហោសថបានទទួលយកទ្រព្យទាំងនោះទៅទុកនៅពន្លាជ័យជាសម្បត្តិនគរមិថិលា។ព្រះមហោសថបានទូលថ្វាយ ព្រះបាទចុលនីថាការរៀបចំដំណើរការទទួលព្រះវិទេហរាជមកអភិសេកនៅឧត្តរបញ្ចាលនគរនេះគឺប្រើរយៈពេល៤ខែ។

យុទ្ធវិធីទី៣

ព្រះមហោសថចាត់អោយអានន្ទកុមារគ្រប់គ្រងជាងឈើ ផលិតទូកចំនួន៣០០ទូកទំលាក់ទុកជាស្រេចតាមឆ្នេរទន្លេគង្គារួមទាំងត្រៀមកំលាំង ទាហានប្រដាប់ដោយអាវុធគ្រប់ដៃរ៉ាប់រងទប់ទល់តាមទូកនីមួយៗទៀតផង ។

យុទ្ធវិធីទី៤

ព្រះមហោសថបានអោយជាងដ៏ចំណានជីករៀបចំឧម្មង្គក្រោមដី បំពាក់ដោយគន្លឹះយន្តទ្វារយន្ត បំភ្លឺដោយភ្លើងគោមរួមទាំងបន្ទប់ស្នាក់នៅយ៉ាងល្អវិចិត្រ ។ ឧម្មង្គនេះតភ្ជាប់ពីព្រំដែនឧត្តរបញ្ចាលនគរមកកាន់ដែនដីនគរមិថិលា លាក់ការណ៍សំងាត់មិនអោយពួកនគរស្តេចចុលនីដឹងសូម្បីតែម្នាក់នោះឡើយ ។

 

Read More